ភ្នំពេញ ៖ នារីជាកម្មករោងចក្រម្នាក់
ត្រូវបានជនសង្ស័យធ្វើសកម្មភាពឆក់កាបូបលុយ រួចបានជះទឹកអាស៊ីតបន្ថែមទៀត
បណ្តាលឲ្យរងរបួសពេញផ្ទៃមុខ ខណៈកំពុងជិះកង់ទៅរៀនអ៊ុតសក់
កាលពីវេលាម៉ោង២០និង១០នាទីយប់ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧
នៅចំណុចខាងត្បុងវិហារចាម ម្តុំលក់ទឹកត្នោតជូរ ផ្លូវបេតុង ភូមិត្រពាំងពោធិ៍
សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះ ស៊ន ចាន់ទី អាយុ២៣ឆ្នាំ មុខរបរកម្មករោងចក្រ
ស្នាក់នៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ។ ចំពោះសំភារៈបាត់បង់
លុយដុល្លារជាង៤០០ដុល្លារ ខ្សែកទិញជាង៦០០ដុល្លារ និងមានសង្សារឈ្មោះ ផន ភឿក
អាយុ២៧ឆ្នាំ មុខរបរធ្វើការនៅកន្លែងហ្គេម ស្នាក់នៅបន្ទប់ជួលម្តុំផ្សារដេប៉ូ
ខណ្ឌទួលគោក ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា
នៅមុនពេលកើតហេតុជនរងគ្រោះចេញពីធ្វើការដូចសព្វដង
រួចបានជិះកង់ដើម្បីទៅរៀនអ៊ុតសក់ ខណៈមកដល់ចំណុចកើតហេតុម្តុំទឹកត្នោតជូរ
វិហារចាម ក៏មានជនសង្ស័យម្នាក់រត់មកឆក់កាបូបស្ពាយរបស់ជនរងគ្រោះ
រួចបានជះទឹកអាស៊ីតទៅលើមុខជនរងគ្រោះថែមទៀតបណ្តាលឲ្យរងរបួសតែម្តង
ភ្លាមៗក៏មានប្រជាពលរដ្ឋមកជួយ
ហើយជនរងគ្រោះបានតេទូរស័ព្ទហៅសង្សារពីកន្លែងធ្វើការនៅភូមិប៉ប្រក់ខាងត្បូង
សង្កាត់កាកាប មកជួយ លុះពេលមកដល់កន្លែងកើតហេតុ
ជនរងគ្រោះបានឡើងឡានជាមួយបុរសជាសង្សារមកព្យាបាលនៅមន្ទីរពេទ្យ ។
ពាក់ព័ន្ធនឹងករណីខាងលើនេះ ប្រជាពលរដ្ឋបានសង្ស័យថា អាចជារឿងគំនុំ
ព្រោះបើមិនមានគំនុំ
ហេតុអីជនសង្ស័យមុននឹងធ្វើសកម្មភាពឆក់កាបូបលុយមានទាំងទឹកអាស៊ីតរួចជាស្រោចដូចមានគម្រោងទុកជាមុន។
ទោះជាយ៉ាងណា សមត្ថកិច្ចកំពុងតែស្រាវជ្រាវដើម្បីដឹងឲ្យច្បាស់ពីរឿងហេតុ ៕
loading...
loading...