ប្រពន្ធចិនម្នាក់បានសម្រេចចិត្តដាក់ទណ្ឌកម្មប្តី បន្ទាប់ពីនាងរកឃើញថាគាត់លួចជជែកលេងជាមួយស្រីតាមរយៈកម្មវិធីផ្ញើសារតាមអនឡាញ។ ប្រពន្ធរូបនេះបានឱ្យប្តីសារភាពកំហុស ខណៈដែលនាងស្រែកជេរគាត់ក្នុងពេលដែលនាងកំពុងអង្គុយលើគ្រែក្បែរគាត់។
គេឃើញបុរសជាប្តីយំយ៉ាងឈឺចាប់ និងអាម៉ាស់បំផុតក្នុងវីដេអូដែលបង្ហោះកាលពីថ្ងៃទី ៣១ ខែតុលា។ គេឃើញ បុរស ដែលស្លៀកខោខ្លីពណ៌ខ្មៅ និងពាក់អាវត្រនាប់ពណ៌ផ្កាឈូករូបនេះ កំពុងលុតជង្គង់លើសំបកទុរេន ហើយអ្វីដែលគួរឱ្យអស់សំណើចបំផុតគឺគេឃើញសំឡីអនាម័យបិតជាប់ថ្ងាស់របស់បុរសនេះទៀតផង។
បុរសនេះបាននិយាយឮសូរតិចៗថា “បងទទួលស្គាល់កំហុសហើយ។ បងមិនគួរផ្ញើរូបថតតាម Wechat ទេ។ បងមិនគួរចាប់ផ្តើមជជែកទៅគេមុនទេ”។ ប្រពន្ធពោរពេញដោយកំហឹងបានសួរចម្លើយប្តីខ្លួនឯងយ៉ាងដូច្នេះ “ទៅទាក់ទងគេមុនមែនទេ?”។ បុរសនោះបានចាប់ផ្តើមសារភាពអស់រាល់អ្វីដែលខ្លួនបានធ្វើយ៉ាងដូច្នេះ “បងបានជជែកលេងជាមួយស្រីៗជាច្រើននាក់។




បងបាននិយាយរឿងដែលមិនគួរនិយាយ”។ប្រពន្ធនោះបានជេរប្តីខ្លួនឯង ហើយនិយាយថា “អ៊ីចឹងហើយទើបបងឯងចុងបញ្ចប់ទៅជាបែបនេះមែនទេ? តើនរណាឱ្យបងសម្លាញ់ឯងលុតជង្គង់លើសំបកទុរេន?”។ ប្តីឆ្លើយភ្លាមថា “ប្រពន្ធរបស់ខ្ញុំប្រាប់ឱ្យខ្ញុំធ្វើអ៊ីចឹង”។
ប្រពន្ធនិយាយទាំងកំហឹងថា “ខ្ញុំឱ្យលុតជង្គង់បែបហ្នឹង តើបងធ្វើតាមបញ្ជាខ្ញុំទេ?”។ ប្តីនោះឆ្លើយថា “បងត្រៀមចិត្តទទួលទណ្ឌកម្មធ្ងន់ធ្ងររួចហើយ”។ ប្រពន្ធសួរទៀតថា “ថ្ងៃក្រោយនិយាយជាមួយនាងៗទាំងនោះទៀតទេ?”។ បុរសជាប្តីឆ្លើយថា គាត់លែងហ៊ានទៀតហើយ។ បុរសនោះភ្លាមៗស្រាប់តែហូរទឹកភ្នែក ហើយនិយាយថា “ប្រពន្ធសម្លាញ់ នេះជាសំបកទុរេន។ បងទ្រាំពុំបានទេអូន”។ បន្ទាប់មកវីដេអូក៏ចប់ត្រឹមហ្នឹង ហើយគេមិនដឹងថាប្តីនេះត្រូវលុតជង្គង់លើសំបកទុរេនយូរប៉ុនណានោះទេ៕ប្រភព thainote