រាជធានីភ្នំពេញ៖ កាលពីឆ្នាំ២០១៦កន្លងទៅ រដ្ឋាភិបាលនិងប្រជាជនចិនបានផ្តល់ជំនួយឥតសំណង និងប្រាក់កម្ចីដ៏ច្រើន សរុបប្រមាណ ជាង ៤៦៣លាន ដុល្លារដល់ប្រទេសកម្ពុជា។ នេះបើយោងតាមប្រសាសន៍របស់ ប្រមុខការទូតកម្ពុជា បានថ្លែងក្នុងពិធី ប្រគល់-ទទួលសម្ភារៈការិយាល័យ និងរថយន្តដែលជាជំនួយរបស់ស្ថានទូតចិនជូនក្រសួងការបរទេសកម្ពុជា នាទីស្តីការក្រសួង កាលពីព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧នេះ ។
ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសបានមានប្រសាសន៍ក្នុងពិធីនេះថា ក្នុងឆ្នាំ២០១៦រដ្ឋាភិបាលចិនបានផ្តល់ជំនួយឥតសំណងចំនួន១២០០លានយ័ន (ស្មើជាង១៧៣លានដុល្លារ) និង ឥណទានសរុបចំនួន២៩០លានដុល្លារអាមេរិកដល់កម្ពុជា។
ឯកឧត្តមបានបន្ថែមថា កាលពីឆ្នាំ២០១៦ កន្លងមកទៅក្រសួងការបរទេសក៏បានទទួលអំណោយជាសម្ភារៈការិយាល័យមួយចំនួនពីរដ្ឋាភិបាលចិនផងដែរ ហើយសម្ភារៈទាំងនេះ បានឆ្លើយតបយ៉ាងទាន់ពេលវេលាទៅនឹងតម្រូវការរបស់ក្រសួង និងការងារប្រចាំថ្ងៃរបស់ក្រសួង។
ក្នុងពិធីនេះដែរ ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា ឯកឧត្តម Xiong Bo បានមានប្រសាសន៍និងបង្ហាញពីការំពឹងថា សម្ភារៈទាំងអស់នេះនឹងចូលរួមចំណែកផ្តល់ភាពងាយស្រួលមួយកម្រិត ក្នុងជួយសម្រួលដល់ដំណើរការការងាររបស់ក្រសួងឲ្យកាន់តែមានភាពប្រសើរឡើងផងដែរ។
សូមបញ្ជាក់ថា អំណោយរបស់ស្ថានទូតចិនប្រគល់ជូនក្រសួងការបរទេសកម្ពុជានៅព្រឹកមិញនេះ រួមមាន រថយន្ត៤១ កៅអី ១គ្រឿង និងសម្ភារៈការិយាល័យ ដូចជា កុំព្យុទ័រលើតុ កុំព្យូទ័រយួរដៃ ម៉ាស៊ីនថតចម្លង ទឹកថ្នាំម៉ាស៊ីនថតចម្លង និងម៉ាស៊ីនព្រីនដែលមានទឹកប្រាក់ចំនួនជាង១លានយ័ន ស្មើនឹងជាង១៤ម៉ឺនដុល្លារ៕


ប្រភព៖ kqube