រាជធានីភ្នំពេញ ៖ បុរសជាប្តីបានតាមទាន់ ប្រពន្ធជាទីស្រឡាញ់របស់ខ្លួន ពេលកំពុងជិះម៉ូតូឱបចង្កេះ ប្រុសក្មេងវ័យ ២០ឆ្នាំ ដែលជាសហាយស្មន់នឹងគ្នា ហើយបុរសជាប្តីបានព្យាយាម ចាប់ឱបប្រពន្ធ ក្នុងគោលបំណងនាំទៅផ្ទះវិញ ប៉ុន្តែនាងមិនព្រមឡើយ នៅតែក្រាញននៀលមិនព្រមតាមប្តី បង្កឲ្យមានការភ្ញាក់ផ្អើល អ្នកដំណើរតាមផ្លូវ ទាល់តែសមត្ថកិច្ច នាំទៅសម្រួលគ្នា នៅសាលាសង្កាត់ នៅចំណុចខាងមុខ ច្រកចូលស្ថានទូតអង់គ្លេស ចំហៀងត្បូងផ្លូវលេខ៧៥ ក្នុងស្រះចក ខណ្ឌដូនពេញ។
បុរសជាប្តីមានឈ្មោះ ចាន់ ដែន អាយុ ៣១ឆ្នាំ មុខរបរកម្មករសំណង់ ចំណែកប្រពន្ធដែលផិតក្បត់ ឈ្មោះ ចាន់ ធឿន ហៅទីណា អាយុ ២៨ឆ្នាំ មានមុខរបរអ៊ុតសក់ ស្នាក់នៅផ្ទះជួល ម្តុំវត្តនាគវ័ន្ត និងមានស្រុកកំណើត នៅភូមិញេងញ៉ង ស្រុកត្រាំកក់ ខេត្តកែវ។ រីប្រុសក្មេងជាសហាយស្មន់នោះ ឈ្មោះ ឃឿន ភារ៉ាន់ ហៅប៊ី អាយុ ២០ឆ្នាំ មុខរបរសន្តិសុខ មានស្រុកកំណើតនៅខេត្តកំពង់ចាម សព្វថ្ងៃស្នាក់នៅផ្ទះជួល ម្តុំផ្សារកណ្តាល ខណ្ឌដូនពេញ។
នៅពេលតាមទាន់ ប្រពន្ធកំពុងឌុបប្រុសក្មេង បុរសជាប្តីឈ្មោះ ចាន់ ដែន បានប្រាប់គេឯងថាគាត់ និងប្រពន្ធឈ្មោះ ចាន់ ធឿន បានចាប់គ្នាជាប្តីប្រពន្ធ អស់រយៈពេល ៨ឆ្នាំ មកហើយ ដោយប្រពន្ធរបស់គាត់ ជាស្រីមេមាយមានកូនមួយ ហើយការចាប់ដៃគ្នា ជាប្តីប្រពន្ធនេះ ពួកគាត់មិនបានរៀបការ ធំដុំដូចគេឡើយ ដោយគ្រាន់តែធ្វើពិធីសែនព្រេន មានចាស់ទុំដឹងឭដូចគេដូចឯងដែរ។
ប៉ុន្តែការស់នៅជាមួយគ្នា ក្នុងរយៈពេល ៨ឆ្នាំនេះ ពួកគេមិនមានកូនឡើយ ដោយគាត់ជាប្តីធ្វើជាកម្មករសំណង់រហូត ផ្សែផ្សំបានទិញម៉ូតូ សង់កូរ៉េមួយគ្រឿង រកស៊ីលក់ប្រហិតជាមួយគ្នា មិនដែលទាស់ជាមួយគ្នាឡើយ ពោលគឺប្តីប្រពន្ធស្រឡាញ់គ្នា ខ្លាំងណាស់ ប៉ុន្តែនៅពេលក្រោយចូលឆ្នាំ ប្រពន្ធរបស់គាត់ មានមុខរបរ អ៊ុតសក់ ជារៀងរាល់ថ្ងៃតែងតែ និយាយទូរស័ព្ទជាមួយប្រុសផ្សេងរាល់ថ្ងៃ ហើយម្យ៉ាងវិញទៀត តែងតែមានទំនាស់ ជាមួយប្តីជារឿយៗ។
ដោយឃើញប្រពន្ធមានចិត្តប្លែក បុរសជាប្តីតែងតែ លួងលោមប្រពន្ធ តែនាងមិនព្រមស្តាប់ឡើយ ហើយគាត់ក៏ចេះតែតាមដាន រហូតឃើញប្រពន្ធ កំពុងជិះម៉ូតូម៉ាកកូនទា ជាមួយនឹង សហាយប្រុសក្មេង ក៏តាមឲ្យឈប់បណ្តាលឲ្យ ផ្អើលឆោឡោតែម្តង។ ពេលនោះស្ត្រីជាប្រពន្ធ បានប្រាប់គេឯង ដោយអត់អៀនខ្មាស់ថា មកពីឯងមិនកើត បានជាគាត់មកយកប្រុសក្មេងដោយលួចលាក់ រាប់ឆ្នាំមកហើយ តែបុរសជាប្តី មិនចង់ឲ្យប្រពន្ធបែកបាក់ទៅណាទេ៕ប្រភព៖watphnom

